បើយោងតាមរបាយការណ៍ព័ត៌មាន BBC កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ, ជនជាតិមួយរូបឈ្មោះ លោក ហ្វី ហ្វី (Wei Wei) អាយុ ៤០ ឆ្នាំ ត្រូវបានតុលាការជប៉ុនសម្រេចដាក់ទោសប្រហារជីវិត ពីបទមនុស្សឃាតយ៉ាងឃោរឃៅ។ លោក ហ្វី គឺជាអតីតសិស្សរៀនភាសាបរទេសនៅក្នុងប្រទេសជប៉ុន។
នេះជាលើកទីពីរហើយ ក្នុងរយៈពេលមួយទសវត្សរ៍នេះដែលប្រទេសជប៉ុនបានសម្រេចធ្វើការកាត់ទោសប្រហារជីវិតជនបរទេស។
កាលពីឆ្នាំ២០០៣ លោក ហ្វី និង គូកន២នាក់ទៀត ដែលជាជនជាតិចិនដូចគ្នាបានលួចចូលទៅក្នុងផ្ទះរបស់ គ្រួសារជប៉ុនដែលជាអ្នកជំនួញមួយ នៅក្នុងតំបន់ ហ្វូគូការ (Fukauka), ប្រមាណជា ១០០០ គីឡូម៉ែត្រ ខាងលិចប្រទេសជប៉ុន។ ពួកគេទាំងបីនាក់នេះបាន សម្លាប់ លោក ស៊ីនជេរូ ម៉ាតស៊ូមូតូ ( Shinjiro Matsumoto) និង កូន២នាក់ទៀត អាយុ ៨ និង ១១ ឆ្នាំ ដោយរិតករសម្លាប់។ រីឯភរិយាវិញពួកគេបានសម្លាប់ដោយជ្រមុជនៅក្នុងបន្ទប់ទឹក។
សាកសពអ្នកទាំង៣ ត្រូវបានចងដោយវត្ថុដែលមានទម្ងន់ធ្ងន់ ហើយយកទៅទម្លាក់ក្នុងសមុទ្រ។
បន្ទាប់ពីមានការស្រាវជ្រាវនិងស៊ើបអង្កេត និង ពិចារណាច្បាប់អន្តរជាតិយ៉ាងយកចិត្តទុកដាក់ ទៅលើករណីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ្នកស្រី ម៉ាសាកូ មូរី (Masako Mori) បានចុះហត្ថលេខាសម្រេចដាក់ទោសប្រហារជីវិត ដោយសំអាងថា ប្រទេសជប៉ុនគឺជា ប្រទេសគោរពច្បាប់ ហើយការកាត់ទោសប្រហារជីវិតនេះគឺផ្អែកទៅលើប្រព័ន្ធយុត្តិធម៌របស់ខ្លួន។
អ្នកស្រីបន្តមានប្រសាសន៍ថា “វាជារឿងឃោរឃៅព្រៃផ្សៃណាស់ ដែលលោក ហ្វី បានសម្លាប់គ្រួសារស្លូតត្រង់ទាំងបួននាក់នេះ។ ”
គួរបញ្ជាក់ផងដែរថា ឃាតករ២ រូបទៀត្រូវបានចាប់ខ្លួនក្នុងប្រទេសចិន ខណៈពេលដែលអ្នកទាំងពីរព្យាយាមរត់គេចខ្លួន។ ម្នាក់ក្នុងចំណោមពួកគេត្រូវបានកាត់ទោសប្រហារជីវិត និង ម្នាក់ទៀតត្រូវបានដាក់ទោសអស់មួយជីវិត។
អ្នកទោសប្រហារជីវិតគឺមិនត្រូវបានផ្តល់ដំណឹងមុនពីជោគវាសនារបស់ខ្លួននោះទេ ។ ពួកគេគ្រាន់តែទទួលដំណឹងនៅពេលព្រឹក ចំថ្ងៃដែលខ្លួនត្រូវទទួលទោសប្រហារជីវិត។