វ៉ាស៊ីនតោន៖ កាលពីថ្ងៃច័ន្ទក្នុងសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ចូរបាយឌិន បានចុះហត្ថលេខាលើសេចក្តីព្រៀងច្បាប់ថ្មីមួយដើម្បីសម្រួលដល់ និតិវិធីច្បាប់ដ៏ស្មុគស្មាញ ក្នុងការបញ្ជូនជំនួយសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែនក្នុងការទប់ទល់ជាមួយប្រទេសរុស្សី។
លោក ចូរបាយឌិន បានមានប្រសាសន៍យ៉ាងដូច្នេះថា ” ខ្ញុំចុះហត្ថលេខាសេចក្តីព្រៀងច្បាប់នេះដែលហ្នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយដើម្បីជួយរដ្ឋាភិបាលអ៊ុយក្រែន នឹងប្រជាជនអ៊ុយក្រែនផ្ទាល់ ដើម្បីឲ្យពួកគេអាចប្រយុទ្ធការពារប្រទេសជាតិរបស់គេ នឹង ការពារប្រជាធិបតេយ្យប្រឆាំងនឹងសង្រ្គាមដ៏សាហាវបង្កឡើងដោយប្រទេសរុស្សី” ។
លោកប្រធានាធិបតីបានបន្តទៀតថា” ការចំណាយលើសង្រ្គាមនេះគឺមិនថោកនោះទេ តែបើទ្រាំសម្ងំពួនគេចពីការឈ្លានពានដ៏អាក្រក់នោះ វារិតតែត្រូវចំណាយកាន់តែខ្ពស់ជាងនេះទៅទៀត” ។
ការចុះហត្ថលេខារបស់លោកប្រធានាធិបតី ចូរបាយឌិន ទៅលើច្បាប់ កម្ចី&ជួលដើម្បីការពារប្រជាធិបតេយ្យអ៊ុយក្រែន ២០២២ (Ukraine Democracy Defense Len-Lease Act of 2022) គឺនឹងធ្វើអោយអាមេរិកអាចជួល ឬ ផ្តល់កម្ចីជំនួយយោធាទៅកាន់សម័្ពន្ធមិត្តដែលទទួលរងការប៉ះពាល់ដោយការឈ្លានពានរបស់រុស្សីទៅលើប្រទេសអ៊ុយក្រែន។ តាមពិតទៅ លោកប្រធានាធិបតី ចូរបាយឌិន បានមានសិទ្ឋិខ្លះរួចស្រេចទៅហើយក្នុងការផ្តល់កម្ចី ឬ ជួយសព្វាវុធ ក៏ប៉ុន្តែច្បាប់ដែលលោកទើបតែចុះហត្ថលេខានេះ នឹងសម្រួល ឬ បញ្ជៀសឧបសគ្គនិតិវិធីរាំងស្ទះមួយចំនួន ដើម្បីពន្លឿនការបញ្ជូនសព្វាវុធ នឹងសំភារៈដែលចាំបាច់ទៅកាន់ប្រទេសអ៊ុយក្រែនអោយបានទាន់ពេលវេលា។
នៅក្រោមវិធានការនេះ ប្រទេសអ៊ុយក្រែនអាចមានសិទ្ឋិក្នុងការស្នើរសុំ សម្រួលការផ្ទេរសព្វាវុធអាមេរិក នឹង ជំនួយសន្តិសុខដ៏ទៃទៀត។ ហើយសហរដ្ឋអាមេរិកក៏នឹងធានាថា ប្រទេសនេះត្រូវសងមកវិញ ឬ ជំនួយមកវិញនូវអ្វីដែលខ្លួនបានខ្ចី នាពេលខាងមុខ។
ពង្រាងច្បាប់កាលពីថ្ងៃច័ន្ទនេះគឺ ប្រកាសមកវិញនូវច្បាប់ចាស់ ” ច្បាប់កម្ចី ឬ ជួល” “Lend- Lease Act” ដែលអាមេរិកប្រើក្នុងការជួយទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តបូករួមទាំងសហភាពសូវៀត ក្នុងសម័យសង្រ្គាមលោកលើកទី ២។
កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋបាលលោកប្រធានាធិបតី ចូរបាយឌិន បានប្រកាស នូវកញ្ចប់ជំនួយសព្វាវុធថ្មីមួយទៅកាន់ប្រទេសអ៊ុយក្រែន ដែលមានទឹកប្រាក់ចំនួន ១៥០ លាន ដុល្លារ។
បើសរុបទៅ នេះជាកញ្ចប់ជំនួយសន្តិសុខលើកទីប្រាំបួនហើយរបស់អាមេរិក ហើយនេះបង្ហាញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវ៉ាស៊ីនតោនក្នុងការផ្តល់ថវិកាជំនួយ ៣.៨ កោដលានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្សីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនតាំងពីខែ កុម្ភះមកម្ល៉េះ។
ទឹកប្រាក់ ១៥០ លានដុល្លារដែលត្រូវបានសន្យាកាលពីថ្ងៃសុក្រសប្តាហ៍មុន បានទាញមកពី កញ្ចប់ថវិការនៅសល់ ២៥០ លានដុល្លារ ហើយនេះជាការបន្ថយអំណាចប្រធានាធិបតី តែក៏អនុញ្ញាតិឲ្យប្រធានាធិបតីអាចផ្ទេរសព្វាវុធដ៏លើសច្រើនសន្ធឹកសន្ធាប់ពីឃ្លាំងផ្ទុកអាវុធ ដោយមិនចាំបាច់ឆ្លងកាត់សភាអាមេិរក។
កាលពីខែមុន លោកប្រធានាធិបតី ចូរបាយឌិន បានស្នើរសុំ បញ្ចេញកញ្ចប់ថវិកា ៣៣ កោដលានដុល្លារ ពីរ សភាអាមេរិកបន្ទាប់ពីរូបលោក ធុញទ្រាន់នឹងការបន្ថយសិទ្ឋិអំណាចរបស់ប្រធានាធិបតី។ លោកក៏បានថ្លែងស្នើរសុំឡើងវិញ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។
លោកប្រធានាធិបតីបានថ្លែងថា បើសិនចង់អោយប្រទេសអ៊ុយក្រែនយកជ័យជម្នះលើរុស្សីបាន អាមេរិក នឹង បណ្តាសម្ព័ន្ធមិត្តដ៏ទៃទៀតត្រូវតែបន្តបញ្ជូនសព្វាវុធ នឹង គ្រាប់ផ្សេងៗទៅកាន់អ៊ុយក្រែន។