(BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។
សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។
កប៉ាល់នេះបានបុកជាមួយកប៉ាល់មួយទៀតឈ្មោះថា ហានៀ នីល (Hafnia Nile) ដែលមានទង់ជាតិសិង្ហបុរី។ ការបុកគ្នានេះបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបណ្តាលឱ្យកប៉ាល់ទាំងពីរឆេះតែម្តង។
មន្ត្រីក្នុងប្រទេសសិង្ហបុរីបាននិយាយថា សមាជិកនាវិកទាំងអស់នៅលើកប៉ាល់ទាំងពីរត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងចម្ងាយប្រហែល 55 គីឡូម៉ែត្រភាគឦសាននៃកោះ ផេនដ្រា ប្រេនកា (Pedra Branca) ប្រទេសសិង្ហបុរី។
ប្រធានក្រុមស្វែងរក និងជួយសង្គ្រោះរបស់ឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ី លោក Zin Azman Mohamad Yunus មិនបានពន្យល់ពីមូលហេតុដែលនាវាដឹកប្រេង São Tomé និង Príncipe បានព្យាយាមរត់គេចនោះទេ ប៉ុន្តែបានបន្ថែមថា អាជ្ញាធរនិងបើកការស៊ើបអង្កេតបន្ថែមទៀតទៅលើរឿងនេះ។
មូលហេតុនៃការប៉ះទង្គិចគ្នានៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ អាជ្ញាធរដែនសមុទ្រសិង្ហបុរីបាននិយាយថា ចរាចរណ៍កប៉ាលផ្លូវទឹកដ៏មមាញឹកនៅដំណើរការធម្មតា និងមិនមានការប៉ះពាល់អ្វីធំដុំនោះទេ។
ទោះយ៉ាងណាក៏ដោយ មន្ត្រីឆ្មាំសមុទ្រម៉ាឡេស៊ី បានរកឃើញថា មានការកំពប់ប្រេង រហូតគ្របដណ្តប់ជុំវិញ ១៧ គីឡូម៉ែត្រក្រឡានៅលើផ្ទៃទឹកសមុទ្រប្រទេសម៉ាឡេស៊ី។
កប៉ាល់ ស៊ើរ៉េ វ័ន្ត (Ceres I) គឺបានដឹកប្រេងឆៅដ៏ច្រើនលើសចំណុះ។ របាយការណ៍មួយចំនួនបានបង្ហាញថា វាអាចជាផ្នែកមួយនៃអ្វីដែលគេហៅថា ‘កងនាវាងងឹត’ ដែលដឹកប្រេងពីប្រទេសដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិ។
បើយោងតាមសារព័ត៍មានបរទេស បានអោយដឹងថា ការស៊ើបការណ៍ទីផ្សារមួយឈ្មោះថា S&P Global Commodities at Sea បានរកឃើញថា កប៉ាល់ដែលគ្រប់គ្រងដោយក្រុមហ៊ុននាវាសៀងហៃឈ្មោះថា Prosperity Ship Management របស់ប្រទេសចិន ពីមុនក៏ធ្លាប់បានដឹកប្រេងឆៅអ៊ីរ៉ង់ ដែលជាកម្មវត្ថុនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ។
(សម្រួលនិងបកប្រែអត្ថបទដើមពី BBC -សូមចុចទីនេះសម្រាប់ចូលទៅទំព័រដើមរបស់ប្រភពព័ត៍មាន)