ប្រភព CNN : ក្រុមហ៊ុនកម្ចាត់មេរោគកុំព្យូទ័រ ឈ្មោះថា Kaspersky របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាខ្លួននឹង “ផ្អាកជាបណ្តើរៗ”នូវប្រតិបត្តិការ ហើយក៏និងបញ្ឈប់បុគ្គលិករបស់ខ្លួន បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានប្រកាសពីការហាមឃាត់ក្រុមហ៊ុននេះលក់ផលិតផលរបស់ខ្លួននៅសហរដ្ឋអាមេរិក។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ការបិទប្រតិបត្តិការនៅទឹកដីសហរដ្ឋអាមេរិករបស់ Kaspersky Lab នឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែកក្កដាខាងមុខនេះ។ គិតមកដល់ពេលនេះ ក្រុមបានដំណើរជិតពីរទសវត្សរ៍ហើយ។
Kaspersky បានបដិសេធយ៉ាងខ្លាំងចំពោះការលើកឡើង របស់មន្ត្រីអាមេរិកថា រដ្ឋាភិបាលរុស្ស៊ីអាចប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដ៏ពេញនិយមរបស់ Kaspersky មួយនេះ ក្នុងគោលបំណងឃ្លាំមើលជនជាតិអាមេរិកតាមរយៈការលួចចូល ឬការប្រមូលទិន្នន័យផ្សេងៗ។
បើគិតពីចំនួនមនុស្សប្រើប្រាស់កម្មវិធីកម្ចាត់មេរោគនេះ គឺមានជាង 400 លាននាក់ និងក្រុមហ៊ុន 240,000 នៅទូទាំងពិភពលោកកំពុងតែប្រើប្រាស់ផលិតផលកម្មវិធីរបស់ Kaspersky Lab ។ គ្រាន់តែចំនួនមនុស្ស និងក្រុមហ៊ុនទាំងនោះនៅសហរដ្ឋអាមេរិកមិនច្បាស់លាស់ទេ។
ជួរមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានគេហាមឃាត់រួចហើយមិនអោយមានការប្រើប្រាស់កម្មវិធី Kaspersky Labនោះទេ ដោយសារកត្តាសុវត្ថិភាពបច្ចេកវិទ្យា។ ការសម្រេចបែបនេះគឺមិនធ្លាប់មានពីមុនមកនោះទេ។ កាលអំឡុងឆ្នាំ 2021 លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាក្នុងនាមការពារទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិចកាំង ពីការឈ្លានពាន របស់”សត្រូវបរទេស” និងបទបញ្ជាពាក់ព័ន្ធផ្សេងៗទៀត ក៏ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Donald Trump ក្នុងឆ្នាំ 2019 ផងដែរ។
ក្រុមហ៊ុនកម្ចាត់វីរុសកុំព្យូទ័រ Kaspersky Labត្រូវបានបង្កើតឡើងនៅទីក្រុងមូស្គូក្នុងឆ្នាំ 1997 ហើយបានរីកចម្រើនទៅជាក្រុមហ៊ុនកម្មវិធីកម្ចាត់មេរោគដ៏ជោគជ័យបំផុតមួយរបស់ពិភពលោកជាមួយនឹងគូប្រជែងរបស់អាមេរិកដូចជា McAfee និង Symantec ។
អ្នកស្រាវជ្រាវរបស់ Kaspersky Lab ដែលត្រូវបានទទួលស្គាល់ថាជាថ្នាក់កំពូលនៅក្នុងឧស្សាហកម្មសន្តិសុខតាមអ៊ីនធឺណិត តែក៏ត្រូវបានគេស្គាល់ថាជាក្រុមដែលត្រូវបានប្រើប្រាស់ដោយ រដ្ឋាភិបាលជាច្រើនរួមមានរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងគោលបំណងលួចទិន្នន័យពីអ្នកប្រើប្រាស់ ហើយការគំរាមកំហែងនេះក៏បានប៉ះពាល់ដល់មនុស្សជាច្រើនដែលប្រើប្រាស់កម្មវិធីនេះ។