ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។
ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។
ប្រុញ៖ ចុះ ឯងយល់យ៉ាងណាដែរ ពី យន្តហោះទម្លាក់គ្រាប់បែក B-21 សេរីចុងក្រោយរបស់ សហរដ្ឋអាមេរិក?
ប្រាជ្ញ៖ សម្លាញ់ ឯងដឹងត្រឹមតែអ្វីដែលគេចង់ឲ្យឯងឃើញទេ វានៅមានច្រើនទៀតដែលជាតិសាសន៍នោះមាន។ អ៊ុយក្រែន ទទួលបានសព្វាវុធ Himas មិនដល់ ២៥ គ្រឿងផង គេនៅមានសមត្ថភាពអាចយកប្រៀបលើ កងទ័ពរុស្សីមហាយក្សបាន ចុះទម្រាំបើ បើមានការទម្លាយសព្វាវុធធំៗពីសហរដ្ឋអាមេរិកទៀត។
ប្រុញ៖ ចុះឯង មិនគិតថា ពិភពលោកព្រួយភ័យជាមួយមហាអំណាចរុស្សី រឿងប្រើប្រាស់គ្រាប់បែក នុយក្លេអ៊ែរទេ ?
ប្រាជ្ញ៖ សម្លាញ់ នេះគ្រាន់ជាការគម្រាមដ៏គ្មានប្រយោជន៍ ស្រដៀងទៅនឹងប្រទេសកូរ៉េខាងជើងដូច្នោះដែរ។ ជាក់ស្តែង ឯងមើលការគម្រាមពីសំណាក់ប្រទេសរុស្សីរឿងព្រមានបណ្តាប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យ កុំលូកដៃ បញ្ជូនសព្វាវុធជួយអ៊ុយក្រែនឲ្យសោះ បើពុំដូច្នោះទេ ខ្លួននឹងប្រើប្រាស់មហាអាវុធទំនើបលឿនៗដូចផ្លេកបន្ទោរ។ មកដល់ពេលនេះ តើឯងឃើញ អាវុធលោកសេរីនៅតែបន្តជួយអ៊ុយក្រែន ព្រោះគេមិនខ្វល់ តើរុស្សីហ៊ានប្រើប្រាស់អីទេក្នុងការឆ្លើយតប។ មួយទៀត ចុះឯង មានដែលឃើញ រុស្សី ចេញអាវុធទំនើបអីនៅ? ផ្លោងម៉ីសីល ៧០ គ្រាប់ ធ្លាក់ចូលទឹកដីអ៊ុយក្រែនបានតែ ១០ គ្រាប់ សល់ប៉ុន្មាន ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ចាប់បានទាំងអស់។ ថ្មីៗនេះ ទំនង អ៊ុយក្រែន ប្រើយន្តហោះគ្មានមនុស្សបើកសម្ងាត់ កម្ទេចមូលដ្ឋានទ័ពក្នុងទឹកដីរុស្សី រាប់រយគីឡូ តើប្រព័ន្ធការពារដែនអាកាសរុស្សីទំនើបហើយឬនៅ?
ប្រុញ៖ អញ្ចឹង តើយើងគួរធ្វើយ៉ាង ម៉េច?
ប្រាជ្ញ៖ ឯងគួរ ទៅឆែកមើលអង្ករនៅក្នុងពាងផ្ទះឯងសិន នៅសល់ប៉ុន្មាន មុនយើងបន្តជជែកគ្នាទៀត
ប្រុញ៖ អូខេ!