តើលោកតាខ្ញុំស្លាប់ដោយរបៀបណា?

សរសេរឡើងវិញ ថ្ងៃ១១ ខែកក្កដា ឆ្នាំ ២០២៤

(ថ្ងៃទី 13 ខែតុលា ឆ្នាំ 2018 ជាសំណេរដំបូង)

សរសេរដោយលោក វង សេរីវឌ្ឍនៈ

តាំងពីកើតមក ខ្ញុំមិនបានឃើញមុខតារបស់ខ្ញុំទេ។

ខ្ញុំបានសាកសួរលោកយាយ និង ម្តាយរបស់ខ្ញុំដើម្បី រកមូលហេតុដែលតាខ្ញុំស្លាប់កាលសម័យប៉ុលពត។ លោកតារបស់ខ្ញុំបានស្លាប់ដោយសារគាត់ប្រថុយជីវិតទៅស្ទូចត្រី ចិញ្ចឹមលោកយាយខ្ញុំ និងកូនៗរបស់គាត់។ 

រឿងរ៉ាវដ៏អាក្រក់ត្រូវបានប្រាប់អំពីរបបខ្មែរក្រហមដ៏សែនឃោរឃៅ លោកយាយលោកតា អ៊ុំពូមីងដែលរស់រានមានជីវិតពីរបបនេះភាគច្រើនគឺមិនចង់រំលឹកវានោះទេ ព្រោះវាធ្វើឱ្យទឹកភ្នែកពួកគាត់ស្រក់ និងការឈឺចាប់អាចងើបឡើងវិញ។ 

របបខ្មែរក្រហមចាប់ផ្តើមឆ្នាំ១៩៧៥  ដល់ ឆ្នាំ១៩៧៩។ សម្រាប់ប្រជាជនកម្ពុជា ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ត្រូវបានកត់ត្រាទុកក្នុងចិត្តរបស់ពួកគាត់ជារៀងរហូត។ នៅពេលអ្នកនិយាយជាមួយអ្នករស់រានមានជីវិតពីខ្មែរក្រហមអំពីរយៈពេលនោះ ពួកគេយល់យ៉ាងច្បាស់។ ជាងមួយភាគបីនៃចំនួនប្រជាជនត្រូវបានសម្លាប់យ៉ាងឃោរឃៅ។ 

របបនេះបានព្យាយាមកម្ទេចរដ្ឋាភិបាលជំនាន់នោះ និងតាមសម្លាប់ប្រជាជនដែលរស់នៅដោយទ្រព្យសម្បត្តិ អ្នកមានការអប់រំ និងឥស្សរជនទាំងអស់។ ពួកគេត្រូវបានគេតាមប្រមាញ់ ហើយពួកភាគច្រើនត្រូវបាន ខ្មែរក្រហមដាក់ឈ្មោះថាជាពួក ៧៥។ ក្រុមមនុស្សទីមួយដែលមកពីទីក្រុងគឺត្រូវងាយនឹងត្រូវប្រហារជីវិតមុនគេ។ ក្រុមទី ២ គឺថ្នាក់ដឹកនាំ មេឃុំ មេភូមិតាមជនបទ មន្ត្រីមកពីសហគមន៍ជនបទផ្សេងៗ។ ម្តាយរបស់ខ្ញុំដែលមានអាយុប្រហែល 16 ឆ្នាំកាលនោះ គឺនៅក្នុងបញ្ជីនៃក្រុមទីពីរ។ ជាសំណាងល្អ ក្រុមទីពីរប៊ិះតែត្រូវបានកម្ទេចចោល ប្រសិនបើរបបនេះមិនត្រូវបានបញ្ឈប់ទាន់ពេលវេលា ដោយ កងទ័ពរំដោះ ៧ មករានោះទេ។ 

 

គន្លឹះទាំង ៣ ដើម្បី ការរីកចម្រើន

អ្នកដែលរបបខ្មែរក្រហមមិនសូវសម្លាប់នោះ គឺកសិករ អ្នកមិនបានទទួលបានការអប់រំ និងប្រជាជនថ្នាក់ទាប។ យ៉ាងណាក៏ដោយ ពួកគេនៅតែត្រូវបានយកទៅសម្លាប់ ឬធ្វើទារុណកម្មយ៉ាងឃោរឃៅ ប្រសិនបើរកឃើញថាខ្ជិល និងមិនធ្វើអ្វីសោះ។ 

បើតាមយាយ និង ម្តាយខ្ញុំប្រាប់នោះ គឺប្រហែលក្នុង ឆ្នាំ 1977 ។ ជីតារបស់ខ្ញុំបានធ្វើការយ៉ាងលំបាកនៅក្នុងស្រែ។ ពេលនោះគាត់បានសម្រេចចិត្តទៅរកត្រីដើម្បីរកអាហារបន្ថែម។ ការប្រថុយចេញទៅរកអាហារ សម័យនោះ វាជាមូលហេតុចម្បងមួយដែលរបបនេះងាយរកឃើញ ចាប់បាន និងយកទៅសម្លាប់។ ប្រជាជនសម័យនោះធ្វើការយ៉ាងលំបាក ប៉ុន្តែបានទទួលអាហារតិចតួចប៉ុណ្ណោះ។ លោកតាខ្ញុំ និងមិត្តភ័ក្តិគាត់ត្រូវបានគេចាប់ដោយសារចេញទៅរកត្រី ហើយគេចោទថាមិនបានធ្វើការនៅល្ងាចនោះ។ ពួកគេទាំងពីរត្រូវបានគេចោទថាខ្ជិលមិនធ្វើការ។ មិត្តគាត់ម្នាក់នោះត្រូវបានប្រហារជីវិតយ៉ាងសាហាវ ចំណែកលោកតាខ្ញុំត្រូវរងទារុណកម្មយ៉ាងសាហាវផងដែរ។  យ៉ាងណាក៏ដោយ ការធ្វើទារុណកម្មមកលើជីតារបស់ខ្ញុំគឺអាក្រក់ណាស់ ដែលគាត់ស្ទើរតែស្លាប់ភ្លាមៗបន្ទាប់ពីការដោះលែង។ 

គាត់មិនអាចដើរត្រឡប់ទៅភូមិរបស់គាត់បានទេ ដោយសារតែរបួសពីការធ្វើទារុណកម្ម។ មានគេប្រទះឃើញគាត់នៅតាមផ្លូវ ហើយនាំគាត់ជិះរទេះគោ។ គាត់ត្រូវបានគេទម្លាក់ចោលនៅក្នុងវត្តមួយដែលមានគ្រូពេទ្យគ្មានបទពិសោធន៍ប្រចាំការនៅទីនោះ។ 

ជីដូន និងម្តាយរបស់ខ្ញុំបានរំលឹកថា ពួកគេត្រូវបានអនុញ្ញាតឱ្យមកសួរសុខទុក្ខលោកតាខ្ញុំដែលឈឺ និងរងរបួស។ ការមកលេងនេះមិនត្រូវបានអនុញ្ញាតិបានគ្រប់គ្រាន់នោះទេ។ នោះជាលើកចុងក្រោយដែលពួកគេបានឃើញគាត់។ ម្តាយខ្ញុំក៏នឹកឃើញដែរថា គេយកតែស្លឹកធម្មជាតិ ចិញ្ច្រាំវាមកស្ងោរធ្វើជាថ្នាំព្យាបាលអ្នកឈឺ និងអ្នករបួសពីសមរភូមិ។ 

របបនេះបានបំបែកសមាជិកគ្រួសារ ជាពិសេសអ្នកដែលអាចធ្វើការ (មានប្រយោជន៍) និងអ្នកដែលមិនអាចធ្វើការ (គ្មានប្រយោជន៍ ,)។ ចាប់តាំងពីការមកលេងលើកចុងក្រោយមក យាយរបស់ខ្ញុំ និងគ្រប់គ្នាលែងបានមើលឃើញក្រសែភ្នែកដ៏អស់សង្ឃឹមរបស់លោកតាខ្ញុំទៀតហើយ។ 

រហូតដល់៨ខែក្រោយមកដែលយាយខ្ញុំ និងម្តាយខ្ញុំបានរកឃើញថាជីតាខ្ញុំបានស្លាប់ដោយសារទារុណកម្មដ៏ឃោរឃៅ។ គេបានប្រាប់ថា គាត់បានស្លាប់តែ៧ថ្ងៃក្រោយមក បន្ទាប់ពីពួកគេបានទៅលេងគាត់លើកចុងក្រោយនៅវត្តនោះ។ 

ដោយការភ័យស្លន់ស្លោ រន្ធត់ និងអារម្មណ៍នៃការបែកបាក់ លោកយាយខ្ញុំ និងម្តាយរបស់ខ្ញុំ រួមជាមួយនឹងពូ និងមីងរបស់ខ្ញុំទាំងអស់ បានប្រញាប់ប្រញាល់ទៅកាន់ទីធ្លាផ្នូរដើម្បីស្វែងរកគាត់។ ពួកគេបានជីកផ្នូរគ្រប់ៗគ្នា ដោយញើសហូរ ពេញដោយទុក្ខព្រួយ និងការឈឺចាប់។  រាល់ការជីកកកាយស្វែងរកឆ្អឹងគឺឥតប្រយោជន៍។ បន្ទាប់ពីការជីកកកាយសាកសពចំនួន 100 ការប៉ុនប៉ងលើកទី 100 បាននាំឱ្យពួកគេស្វែងរកធាតុលោកតាខ្ញុំឃើញ។ ពួកគេបានដឹងថាគឺជាឆ្អឹងគាត់ដោយសារពួកគាត់ចំណាំក្រមា និងខ្នើយដែលជារបស់គ្រួសារ។ លោកយាយ និងគ្រួសារបានត្រឹមសម្រក់ទឹកភ្នែក ព្រោះឃើញតែលលាដ៍ក្បាលរបស់លោកតាខ្ញុំ។

បើគាត់រស់នៅឥឡូវនេះ ជីតាខ្ញុំអាយុ ៨៩ ឆ្នាំហើយ ព្រោះយាយខ្ញុំឥឡូវអាយុ ៨៨ ឆ្នាំហើយ។ 

តើយើងបានឃើញពីរបៀបដែលគាត់ស្រឡាញ់គ្រួសាររបស់គាត់ខ្លាំងប៉ុណ្ណា? ដែលគាត់មិនខ្វល់ពីជីវិតរបស់គាត់ សុខចិត្តប្រថុយចេញទៅរកត្រីអោយគ្រួសារហូប? 

រឿងនេះវាបានរំឭកខ្ញុំ ពេលខ្ញុំចាប់ផ្តលើស្គាល់ព្រះយេស៊ូវ ដែលបានលះបង់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់ខ្ញុំ និងយើងទាំងអស់គ្នា។ មនុស្សពីជំនាន់ឪពុកម្តាយខ្ញុំនៅតែរស់នៅបៀមរបួស ការឈឺចាប់ និងការស្អប់។ ពួកគេត្រូវការការអភ័យទោស និងការព្យាបាល។ ការព្យាបាលពីអ្នកទាំងនោះអាចរកបាននៅក្នុងសេចក្តីស្រឡាញ់របស់ព្រះ ព្រះយេស៊ូវ។ 

ខ្ញុំពិតជាស្រលាញ់អ្នកទាំងអស់គ្នា អរគុណសម្រាប់ការចំណាយពេលអានសាច់រឿងនៃការស្លាប់របស់លោកតាខ្ញុំ។ 

ពីខ្ញុំ វឌ្ឍនៈ

ថ្ងៃទី 13 ខែតុលា ឆ្នាំ 2018

Facebook
Telegram
WhatsApp
  • Related Posts

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង