ក្រុមអង្គរក្សសម្ងាត់(Snipers) របស់លោក ដូណាល់ត្រាំ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើងរូបនោះបានធ្វើការបាញ់សំដៅមកលើបេក្ខជនប្រធានាធិបតី ដូណាល់ត្រាំ ខណៈពេលដែលលោកកំពុងតែថ្លែងសារនយោបាយមួយក្នុងរដ្ឋ ផេនហ្សាវ៉េញ្ញា (Pennsylvania)។ បើតាមប្រភពបានអោយដឹងថាខ្មាន់កាំភ្លើងគឺស្ថិតលើដំបូលអាគារមួយ ចម្ងាយប្រមាណ ១២០-១៥០ ម៉ែត្រ ពីឆាករបស់លោកអតីតប្រធានាធិបតី ដូណាល់ត្រាំ។
តាមរបាយការណ៍ បានឲ្យដឹងថា មានការស្រែកថា មានមនុស្សនៅលើដំបូល – រំពេចនោះ ប្រហែលខ្មាន់កាំភ្លើងចាប់ផ្តើមដឹងថាបែកការ ក៏សម្រុកបាញ់តម្រង់ទៅតែម្តង។ ដោយសំណាងល្អ គ្រាប់មិនបានបាញ់ចំគោលដៅនោះទេ គ្រាន់តែចំស្លឹកត្រចៀក ដែលបង្កឲ្យលោក ដូណាល់ត្រាំមានការរងរបួស។ ការបាញ់ប៉ងធ្វើឃាតនេះ ក៏ផ្លាតត្រូវចំអ្នកចូលម្នាក់បណ្តាលឲ្យស្លាប់តែម្តង។
យុវជនដែលជាខ្មាន់កាំភ្លើងនោះ មានឈ្មោះថា Thomas Mathew Crooks អាយុ ២០ ឆ្នាំ ទើបបញ្ចប់វិទ្យាល័យ ឆ្នាំ ២០២២។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា យុវជន Crooks គឺប្រើកាំភ្លើងរបស់ ឪពុកគាត់ដែលបានទិញ ៦ ខែមុន។
ការស៊ើបអង្កេតកំពុងតែធ្វើយ៉ាងក្តៅគគុក ហើយក៏មានការស្នើសុំអំណាច ពីសភាអាមេរិចកាំង ដើម្បីត្រួតពិនិត្យស្រាវជ្រាវទៅលើក្រុមអង្គរក្សសម្ងាត់ដែលបញ្ឈជើងការពារនៅចំថ្ងៃព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាតនោះផងដែរ។
លោក ដូណាល់ត្រាំ បានប្រាប់សារព័ត៌មានថា លោកគ្រូពេទ្យដែលបានព្យាបាលរបួសលោក មានការស្ងើច និងស្ទើរតែមិនគួរឲ្យជឿថា លោកមានសំណាងអាចរស់រានមានជីវិតពីការប៉ងធ្វើឃាតនេះសោះ។ គ្រូពេទ្យហៅថា នេះជាការអស្ចារ្យពីព្រះ។
ចំណែកប្រធានាធិបតី ដូណាល់ត្រាំ បានកោតសរសើរ ក្រុមអង្គរក្សសន្តិសុខរបស់លោកថា បើទោះជាខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់ក៏ដោយ ក៌បានត្រឹមប៉ះស្លឹកត្រចៀកលោកប៉ុណ្ណោះ តែ ក្រុមបាញ់ស៊ីបរបស់លោកវិញ បាញ់តែមួយគ្រាប់ប៉ុណ្ណោះគឺចំត្រង់ចំនុចកណ្តាលរវាងភ្នែកទាំងពីរ របស់ខ្មាន់កាំភ្លើងតែម្តង។