អត្ថបទរៀបរាប់ពីខ្សែជីវិតរបស់លោក គ្រូ វង​ សេរីវឌ្ឍនះ

នេះជាអត្ថបទរៀបរៀងឡើងវិញ ពីការសរសេរដើមរបស់លោក (ហ៊ុន កែវវាសនា)

ថ្ងៃ ច័ន្ទ ទី ២៨ ខែ មករា ឆ្នាំ ២០១៩


ស្រម៉ៃចង់ក្លាយជាគ្រូបង្រៀនកាលពីក្មេង តែខ្លួនកាន់ច្រាសខាត់ស្បែកជើង


«អំឡុងពេលចន្លោះឆ្នាំ ១៩៩៤ ដល់ ១៩៩៩ ខ្ញុំធ្លាប់គេងស្រមៃថា ខ្ញុំកំពុងរៀនភាសាអង់គ្លេស។ ប៉ុន្តែការពិតនៅតែជាការពិត។ ការពិតដែលពេលខ្ញុំក្រោកឡើង ខ្ញុំមិនមែនកាន់សៀវភៅទៅរៀនទេ ខ្ញុំត្រូវកាន់ច្រាសខាត់ស្បែកជើង និងកាសែតដើរលក់តាមហាងបាយ និងតាមផ្លូវនានា ដើម្បីរកលុយ ដើម្បីជួយផ្គត់ផ្គង់ការសិក្សារៀនសូត្រ និង ជួយជីវភាពគ្រួសារខ្លះៗ។ ខ្ញុំនិងបងប្រុស វឌ្ឍនា តែងតែក្រោកពីព្រឹកម៉ោងប្រហែល ៤ ទៅ ៥ ព្រឹក ឡើងទៅយកការសែតលក់ ហើយពេលរសៀល​ ខ្ញុំស្ពាយធុងស៉ារ៉ាខាត់ស្បែកជើងដើរចូលពីហាងមួយ ទៅហាងមួយ ពីតុមួយ ទៅតុមួយ ហើយឃ្លាដែលខ្ញុំតែងតែប្រើនោះគឺ "ពូ! អ៊ុំ ! ខាត់ស្បែកជើងទេពូ?" ។ 

ខ្ញុំធ្លាប់អង្គុយតាមចញ្ចើមផ្លូវសំលឹងមើល ក្មេងៗដ៏ទៃដៃកាន់ប៊ិច សៀវភៅ ចូលសាលា។ ខ្ញុំហាក់បីដូចជាមើលមិនឃើញត្រើយភ្លឺស្វាងនៃអនាគតរបស់ខ្ញុំសោះឡើយ។ ជីវភាពក្រលំបាក ចំនេះដឹងមិនមានព្រោះរៀនពុំសូវចេះ ហើយពេលខ្លះតែងតែគិតថាខ្លួនឯងគ្មានបានការ និងមិនអាច ឬ ពុំគួរឈោងចាប់អ្វីនោះឡើយ។ 

ខ្ញុំពិតជាចង់ចេះនិយាយភាសាអង់គ្លេសឲ្យបានស្ទាត់ជំនាញ ព្រោះពេលឃើញគេនិយាយភាសាអង់គ្លេសម្តងៗ វាមើលទៅអស្ចារ្យណាស់។ ទោះជាស្រឡាញ់ភាសាបរទេសមែន ប៉ុន្តែខ្ញុំមិនដែលបានរៀនត្រឹមត្រូវទេ។ ពេលទំនេរ ពីការខាត់ស្បែកជើង និងលក់កាសែត ខ្ញុំបែរជាចំណាយពេលដើរលេងអត់ប្រយោជន៍។ ខ្ញុំក៏ធ្លាប់សេពគប់ជាមួយក្រុមបងតូច បងធំ។ រឿងវៃ ឬ តប់រឿងធាក់ រឿងបំផ្លិចបំផ្លាញ ខ្ញុំមានបទពិសោធន៍ក្រែលហើយ។  ហើយកាលហ្នឹងខ្ញុំពិតជាមិនដឹងថាជីវិតខ្ញុំនឹងទៅជាយ៉ាងណាទេ។ ពេលរៀនចប់ថ្នាក់ទី៩ ខ្ញុំខឹងខ្លួនឯង និងចង់រត់ចេញពីផ្ទះ ពីព្រោះ ជំនាញក៏គ្មាន ចំណេះក៏អត់ គ្រួសារក៏ក្រ ហើយខ្ញុំក៏លែងចង់ដើរខាត់ស្បែកជើង ឬលក់កាសែតទៀតដែរ ពីព្រោះខ្ញុំធំជាងមុន និងចាប់ផ្តើមខ្មាស់ខ្លួនឯង ជាពិសេសចេះខ្មាស់យុវនារីស្អាតៗដែលរៀននៅសាលាជាមួយគ្នា។


(នេះគ្រាន់តែជារូបភាព ប្រហាក់ប្រហែលអ្វីដែលលោកគ្រូ វឌ្ឍនះធ្លាប់ធ្វើកាលនៅពីក្មេង)


ទោះជាយ៉ាងណា ជីវិតខ្ញុំប្រៀបដូចជាផ្កាដែលទើបតែត្រូវទឹកសន្សើមធ្លាក់លើ អញ្ចឹង។ ក្នុងឆ្នាំ២០០៣ ខ្ញុំបានចាប់ផ្តើមកែប្រែជីវិតសម្រេចចិត្តចូលរៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌលកសាងមូលដ្ឋានជីវិតថ្មី។ កាលនោះខ្ញុំបានជួបមិត្តល្អៗជាច្រើន ភាគច្រើនសុទ្ឋជាអ្នករៀនសូត្រ។ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលក្រោយពីរៀនបានប្រាំមួយខែ ខ្ញុំអាចនិយាយអង់គ្លេសបាន។ ពីឆ្នាំ ២០០៣ ដល់ ២០០៥ ជីវិតខ្ញុំផ្លាស់ប្តូរដូចមេឃ និងដី។ អង្គការជីវិតថ្មីពិតជាបានផ្តល់អោយខ្ញុំមានជីវិតថ្មីពិតប្រាកដមែន គឺថ្មីខាងឥរិយាបទ អត្តចរិក ពីកាចមកស្លូត ពីមើលមុខមិនបាន មកចេះមានស្នាមញញឹម។ រៀនបានពីរឆ្នាំសោះខ្ញុំអាចរកលុយបានខ្លះៗតាមរយៈការបកប្រែ និងនាំភ្ញៀវជាដើម ហើយក្រៅពីរៀនភាសាអង់គ្លេសខ្ញុំក៏ទទួលបានការបណ្តុះបណ្តាលជំនាញខាងការគ្រប់គ្រង ការដឹកនាំ និងមេរៀនពីសីលធម៌ក្នុងភាពជាគ្រីស្ទបរិស័ទ្ឋ។

ខ្ញុំពិតជានឹកស្មានមិនដល់សោះថាខ្ញុំមានវាសនាដូចរាល់ថ្ងៃនេះ រាល់ថ្ងៃដែលខ្ញុំបើកភ្នែកឡើងខ្ញុំកាន់សៀភៅ និងឯកសារចេញទៅបង្រៀន និងរៀបចំខ្លួនទៅបកប្រែភាសាអង់គ្លេសតាមកម្មវិធីផ្សេងៗ។ វាពិតជាពិបាក នឹងយល់ណាស់ ថាតើអនាគតវាមានរូបរាងដូចម្តេច។ ខ្ញុំធ្វើជាក្មេងខាត់ស្បែកជើងដល់ទៅ១០ឆ្នាំ អត់ចេះអង់គ្លេសសូម្បីមួយម៉ាត់ រៀនក៏មិនកើត ជំនាញក៏គ្មាន ប៉ុន្តែចុងក្រោយ ខ្ញុំបែរជាក្លាយទៅជាគ្រូបង្រៀនភាសាអង់គ្លេស ជាអ្នកអប់រំយុវជនទូទៅ ជានាយកក្នុងស្រុករបស់អង្គការមួយ ជាអ្នកប្រឹក្សាយោបល់ ជាប្រធានគម្រោងកសិកម្មសហការណ៍ជាមួយកសិករអាមេរិកំាង ជាអ្នកបកប្រែ និងអ្នកសម្របសម្រួលកម្មវិធីៗ ហើយក៏ជាវាលគ្មិនក្នុងកម្មវិធីជជែកសាធារណះផ្សេងៗទៀតផងដែរ។»

 

(វង សេរីវឌ្ឍនៈ សព្វថ្ងៃជាគ្រូបង្រៀនភាសាអង់គ្លេស ជានាយកក្នុងស្រុករបស់អង្គការមួយ ជាអ្នកប្រឹក្សាយោបល់ ជាប្រធានគម្រោងកសិកម្មសហការណ៍ជាមួយកសិករអាមេរិកំាង ជាអ្នកបកប្រែ និងអ្នកសម្របសម្រួលកម្មវិធីផ្សេងៗ ជាអ្នកសម្របសម្រួលទំនាក់ទំនងជាមួយម្ចាស់ជំនួយ ហើយក៏ជាវាលគ្មិនក្នុងកម្មវិធីជជែកសាធារណះផ្សេងៗទៀតផងដែរ។ លោកធ្លាប់ឆ្លងកាត់ការប្រឡងប្រណាំងប្រជែងការនិយាយភាសាអង់គ្លេសជាសាធារណះ ធ្លាប់ជាជើងឯកនិយាយភាសាអង់គ្លេស ជាប់ជ័យលាភីគ្រូបង្រៀនវ័យក្មេងកាលពីឆ្នាំ ២០១៥ ហើយ លោកក៏ធ្លាប់បានដឹកនាំក្រុមចូលប្រកួតជជែកដេញដោលជាភាសាអង់គ្លេសជាសារធាណះ ដោយទទួលបានជើងឯកលេខ ២ ក្នុងប្រទេស ហើយក្រោយមក ក្នុងឆ្នាំ ២០១៧ តាមរយះការប្រកួតប្រជែងកម្មវីធីថ្នាក់ដឹកនាំមួយដ៏ស្វិតស្វាញរបស់រដ្ឋាភិបាលវ៉ាស៊ីនតោន លោកត្រូវបានជ្រើសរើសជាបេក្ខជនជាប់ជ័យលាភីឆ្នើមមួយរូប ហើយត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិករយះពេល ៦ សប្តាហ៍ ក្រោមប្រធានបទ ជំរុញសន្ទុះសេដ្ឋកិច្ច និងផ្លាស់ប្តូរបទពិសោធន៍អាជីពការងារជាមួយពលរដ្ឋអាមេរិកំាង  )